Thursday, January 24, 2013

ការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់សម្ព័ន្ធសហជីពកម្ពុជា




សម្ព័ន្ធសហជីពកម្ពុជា (CATU) បានដាក់លិខិតស្នើសុំឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​ការងារនិង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​​ ដំឡើងប្រាក់ឈ្នួលរបស់​កម្មករកម្មកា​រិនីពី ៦១ដុល្លារ ទៅ ១៥០​ដុល្លារ​ក្នុង​មួយៗ នៅបំណាច់ឆ្នាំ២០១២នេះ តាមរយៈ​លិខិតលេខ ០៨៥ សសក ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ ។​ ដោយប្រាក់ខែគោល តែ ៦១​ដុល្លារ​ មាន​ការឃ្លាតគ្នាឆ្ងាយ​ពីតម្លៃទំនិញ​នៅ​លើទីផ្សារ​នា​ពេលបច្ចុប្បន្ន ដែលចេះតែឡើង​ថ្លៃ​ខ្ពស់ទៅៗ ធ្វើ​ឲ្យ​​ជីវភាពកម្មករកម្មការិនី​ប្រ​ឈម​​ការលំបាក​យ៉ាងធ្ងន់ធ្ងរក្នុងការចំណាយលើ​ថ្លៃ​ទឹក ថ្លៃភ្លើង ថ្លៃ​រថយន្តឈ្នួល ថ្លៃឈ្នួលផ្ទះ ថ្លៃ​ម្ហូបអាហារ និងការចំណាយផ្សេងៗជាច្រើនទៀត ដូចជា​ថ្លៃ​ពិនិត្យ​សុខភាព ព្យាបាលជំងឺ ។ល។​ ហើយក៏ជាបញ្ហាធ្វើឲ្យកម្មករកម្មការិនីថមថយកម្លាំង ដួលសន្លប់ជាញឹកញាប់ មកពី​ការ​រហូប​មិន​​បាន​គ្រប់គ្រាន់ ។
ដូច្នេះសូមឲ្យនិយោជកទាំងអស់ គិតគូយកចិត្តទុកដាក់ក្នុងការស្នើសុំដំឡើងប្រាក់ខែ​គោល​ ពី ៦១ ដុល្លារ ទៅ ១៥០ដុល្លារក្នុងមួយៗ ជូនដល់កម្មករកម្មការិនី ដែលជាកំលាំងផលិតរបស់ខ្លួន​ផ្ទាល់ ជាជាងការចំណាយឥតប្រយោជន៍ទៅលើបញ្ហាផ្សេងៗ ។
ក្រោយពីដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងការងារ មិនមាន​ដំណោះ​ស្រាយ សម្ព័ន្ធ​សហជីព​បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីសុំធ្វើបាតុកម្មទាមទារ ដោយដាក់ជាញត្តិ ជូន​ទៅ​​នាយ​ក​រដ្ឋ​មន្រ្តី និងជូនប្រធានរដ្ឋសភា ដើម្បីជួយដោះស្រាយ ។
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០​១២ បាតុកម្មបានប្រព្រឹត្តិទៅ​ ដោយមានកម្មករកម្មការិនីចូលរួម​ប្រមាណ​ជាង ៣០០នាក់ ។
បន្ទាប់មក​ក៏​មានការចេញនូវ​សេចក្តីប្រកាសព័ត៌មាន លេខ ០០៧ ​កកទវ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២ ពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម​ការ​ងារ​ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ​ដោយឲ្យបងប្អូនកម្មកររក្សានូវស្ថិរភាពការងារ រងចាំលទ្ធផលនៃ​ការ​ពិភាក្សាដោះស្រាយរវាងគ្រប់ភាគីពាក់ព័ន្ធ ។ រហូតមកដល់ពេល​នេះ នៅមិនទាន់បានទទួល​ដំណោះស្រាយណាមួយនៅឡើយ ៕

Thursday, December 20, 2012

សេចក្តីអំពាវនាវ ចូលរួមបាតុកម្មអហិង្សា ដើម្បីទាមទារដំឡើងប្រាក់ខែ នៅថ្ងៃ អាទិត្យ ទី ៣០ ខែធ្នូ ឆ្នាំ២០១២ នៅវេលាម៉ោង ៧.៣០នាទីព្រឹក នៅមុខមន្ទីររដ្ឋសភាចាស់







សម្ព័ន្ធសហជីពកម្ពុជា (CATU) សូមធ្វើការអំពាវនាវដល់បងប្អូនកម្មករ​កម្ម​ការិនីទាំងអស់ អញ្ជើញ ចូលរួមធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារ​ដំឡើង​ប្រាក់​ខែ​​គោល ពី ៦១​ដុល្លារ ទៅ ១៥០ដុល្លារក្នុង​មួយខែៗសម្រាប់បងប្អូន នៅ​ថ្ងៃ អាទិត្យ ទី ៣០ ខែធ្នូ ឆ្នាំ២០១២ វេលា ម៉ោង .៣០នាទី​ព្រឹក នៅ សួនច្បារ​មុខ​រដ្ឋសភាចាស់  (ខាងត្បូងព្រះបរមរាជវាំង) ។ 
ដូច្នេះសូមបងប្អូនកម្មករ​កម្មការិនី​ទាំង​អស់ នាំគ្នាចូលរួមទាម​​ទារ​ទាំង​អស់គ្នា ពីព្រោះខាង មន្រ្តី​រាជ​​ការ​​បាន​​ឡើង ២០%ក្នុង​មួយឆ្នាំៗ រីឯខាងបងប្អូន​កម្មករ​​​កម្មការិនី​​ យើងវិញ​ មិន​បាន​ឡើង​​​​នោះ​ឡើយ បាតុកម្មនេះក៏មានវត្តមានលោក រ៉ុង ឈុន ប្រធានសហភាព សហជីពកម្ពុជា ចូលរួមផងដែរ
អាស្រ័យដូចនេះ សូមបងប្អូនកម្មករ​កម្មការិនីទាំងអស់​ កុំប្រកាន់សហជីពណា​ដឹកនាំ គឺជា ផលប្រយោជន៏របស់បងប្អូន អញ្ជើញមកចូលរួមធ្វើ​បាតុ​កម្ម​ទាមទារ​តាម​ពេលវេលានិង ទីកន្លែង កំណត់ឲ្យបាន​ច្រើន​កុះករកុំបីខាន​ឡើយ

Thursday, December 13, 2012

សម្ព័ន្ធសហជីពកម្ពុជា (CATU)​ ធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ខែ​ជូនបងប្អូនកម្មករកម្មការិនី ពី ៦១ដុល្លារ ទៅ ១៥០ដុល្លារ នៅឆ្នាំ២០១៣




សម្ព័ន្ធសហជីពកម្ពុជា (CATU) បានស្នើសុំឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងការងារនិង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​​ ដំឡើងប្រាក់ឈ្នួលរបស់​កម្មករកម្មកា​រិនីពី ៦១ដុល្លារ ទៅ ១៥០ដុល្លារ​ក្នុង​មួយខែៗនៅបំណាច់ឆ្នាំ២០១២នេះ តាមរយៈ​លិខិតលេខ ០៨៥ សសក ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ ។​ ប្រាក់ខែគោលតែ ៦១​ដុល្លារ​ នៅមាន​ការឃ្លាតគ្នាឆ្ងាយ​ពីតម្លៃទំនិញនៅ​លើទីផ្សារ​នា​ពេលបច្ចុប្បន្ន​មានតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​​ជីវភាពកម្មករកម្មការិនីប្រឈមនឹងការលំបាក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការចំណាយលើ​ថ្លៃ​ទឹក ថ្លៃភ្លើង ថ្លៃ​រថយន្តឈ្នួល ថ្លៃឈ្នួលផ្ទះ ថ្លៃម្ហូបអាហារ និងការចំណាយ​ផ្សេងៗជាច្រើនទៀត ដូចជា​ថ្លៃ​ពិនិត្យ​សុខភាព ព្យាបាលជំងឺ ។ល។និង។ល។ ហើយក៏ជាដើម​ចមធ្វើឲ្យកម្មករកម្មការិនីដួលសន្លប់ជាញឹកញាប់ មកពីការហូបមិនបានគ្រប់គ្រាន់ ។
ដូច្នេះសូមឲ្យនិយោជកទាំងអស់ គិតគូយកចិត្តទុកដាក់ចំពោះការស្នើសុំដំឡើងប្រាក់ខែ​ ៦១​ដុល្លារ ​ទៅ​១៥០ដុល្លារក្នុងមួយខែៗ ជូនដល់កម្មករកម្មការិនីដែលជាកំលាំងផលិតរបស់ខ្លួន​ផ្ទាល់ ជាជាងការចំណាយឥតប្រយោជន៍ទៅលើបញ្ហាផ្សេងៗ ។
សម្ព័ន្ធសហជីពកម្ពុជា (CATU) មានជំនឿថា និយោជកអាចមានលទ្ធភាពគ្រប់គ្រាន់​ក្នុង​ការ​​ផ្តល់​ឲ្យកម្មករចំនួន១៥០ដុល្លារក្នុងមួយខែៗ បើពុំមានការចំណាយទៅលើបញ្ហាផ្សេងនោះ ៕